សេចក្ដីប្រកាស​ព័ត៌មាន​ លេខ​ ០៥៧​៖ ទ្រព្យសម្បត្តិ​រដ្ឋ​ មិនមែន​ជា​ទ្រព្យ​ផ្ទាល់ខ្លួន​របស់​ឯកជន​ឡើយ​

ដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងការរៀបចំ ការគ្រប់គ្រង និងកិច្ចបញ្ចិកាសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដល់មន្រ្តីនៃទីស្តីការ គ.ជ.ប និងមន្រ្តីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ឯកឧត្ត ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ក្នុងពិធីបើកអង្គសិក្ខាសាលាបានមានប្រសាសន៍ជាច្រើនទាក់ទងនឹងការធ្វើកំណែទម្រង់ទ្រព្យសម្បត្តិរដ្ឋនៃស្ថាប័ន គ.ជ.ប។ ឯកឧត្តមក៏បានបញ្ជាក់ដែរថាទ្រព្យសម្បត្តិរដ្ឋ  មិនមែនជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ឯកជនឡើយ។ ឯកឧត្តមបានពន្យល់បន្ថែមថា “ទ្រព្យសម្បត្តិរដ្ឋក្នុងន័យនេះ គឺជាទ្រព្យសម្បត្តិដែលរដ្ឋផ្តល់ទៅឱ្យអ្នកមានសិទ្ធិក្នុងការទទួលយកទៅប្រើប្រាស់។ ទ្រព្យនេះ មិនមែនជាទ្រព្យរបស់ឯកជនទេ ប៉ុន្តែបុគ្គលឯកជនត្រូវតែមានការទទួលខុសត្រូវចំពោះទ្រព្យសម្បត្តិរដែលរដ្ឋបានផ្តល់ឱ្យ តាមរយៈការថែទាំ ការគ្រប់គ្រងឱ្យបានគត់មុត និងល្អប្រសើរ”។ ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីធានាឱ្យការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យមានលក្ខណៈពេញលេញក្នុងស្ថានភាពបច្ចុប្បន្ននេះ ត្រូវតែអនុវត្តតាមទម្រង់ចំនួនពីរប្រភេទ រួមមាន៖

  • ទម្រង់ទី១ ជាសៀវភៅបញ្ជីសារពើភណ្ឌកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំម្តង ហៅថា “ឆ្នាំគោល”។
  • ទម្រង់ទី២ ជាតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវធ្វើឡើងក្នុងឆ្នាំនីមួយៗ ក្នុងចន្លោះរយៈពេល ៥ឆ្នាំ នៃឆ្នាំគោល។

សិក្ខាសាលាថ្ងៃនេះ មានគ្រូឧទ្ទេសជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើបទបង្ហាញលើប្រធានបទចំនួនពីរ គឺ៖

  • វិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
  • វិធាន និងនីតិវិធីនៃការរៀបចំ និងការជម្រះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបានមានប្រសាន៍ថា មន្រ្តីបច្ចេកទេសដែលទទួលកាន់ការ ត្រូវសិក្សាពីលក្ខណៈធ្វើទំនើបកម្មប្រព័ន្ធ ជាបណ្តើរៗ ដើម្បីចូលរួមការផ្លាស់ប្តូរពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមក្រដាស មកជាការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា (SAMIS) ដើម្បីបង្កភាពងាយស្រួល និងទំនើបកម្មក្នុងការគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋ។ ប្រព័ន្ធព័ត៌មានវិទ្យានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបបានប្រជុំផ្សព្វផ្សាយ និងបណ្តុះបណ្តាលជូនមន្រ្តីតាមក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដើម្បីត្រៀមអនុវត្តនាពេលខាងមុខ។ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា (SAMIS) នេះ ចែកជាពីរកម្មវិធី៖

  • កម្មវិធីមេ គឺគ្រប់គ្រងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (អទច) ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានតួនាទីទាញយកទិន្នន័យដែលបញ្ជូលដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
  • កម្មវិធីគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌសម្រាប់ដាក់ឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថា្នក់ក្រោមជាតិ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ធ្វើការបញ្ជូលទិន្នន័យ និងបញ្ជូនទិន្នន័យមក អទច ហើយកម្មវិធីនេះ នឹងដាក់ចូលជាផ្នែកមួយទៅក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមព័ត៌មានវិទ្យា (FMIS) នាពេលខាងមុខផងដែរ។

សូមជម្រាបជូនថា សិក្ខាសាលានេះ បានប្រព្រឹត្តពេញមួយថ្ងៃដោយមានអ្នកចូលរួមចំនួន ១៥០នាក់ ជាមន្ត្រីនៃទីស្តីការ គ.ជ.ប និងមន្រ្តីនៃ លធ.ខប ទាំង ២៥ រាជធានី ខេត្ត ទូទាំងប្រទេស៕

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778