សេចក្តីប្រកាសព័ត៌មាន លេខ ០៥៩​៖ ការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ​ឆ្នាំ២០១៩

បន្ទាប់ពីបានបញ្ចប់ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ចប់រួចរាល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការ គ.ជ.ប ។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះ រួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន តំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១១ តំណាងគណបក្សនយោបាយ ចំនួន ១០ អង្គភាពសារព័ត៌មានចំនួន ១៣  និងមន្រ្តី គ.ជ.ប ចំនួន ២០ នាក់ សរុបចំនួន ៨០នាក់។

ឯកឧត្តម នុត សុខុម បានមានប្រសាសន៍ថា គ.ជ.ប សម្រេចផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៩ ដូចខាងក្រោម៖

  • ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១០៨,២៧២ នាក់
  • ឈ្មោះដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតចំនួន ៤២,៩១៧ នាក់
  • ប្រជាពលរដ្ឋផ្ទេរចូលចំនួន ១៩,១១៧ នាក់
  • ប្រជាពលរដ្ឋសរុបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០១៩ ចំនួន ៨,៦២៩,៣៥៧ នាក់ ស្មើនឹង៨៤.៧៨% ធៀបនឹងចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសរុបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

សម្រាប់ការិយាល័យបោះឆ្នោតវិញ ឯកឧត្តមបានបញ្ជាក់ថា មាន ២៣,៣៦៥ ការិយាល័យក្នុងឆ្នាំ២០១៩ www.necelect.org.kh/khmer/content/4133

នៅក្នុងឱកាសនេះដែរក៏មានតំណាងអង្គការនិកហ្វិច អង្គការខុមហ្វ្រែល និងតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសំណូមពរដល់ គ.ជ.ប ទាក់ទងទៅនឹងការអប់រំផ្សព្វផ្សាយដល់យុវជននៅតាមសាលារៀន និងនៅតាមរោងចក្រសហគ្រាស ដើម្បីឱ្យចាប់អារម្មណ៍ដល់ការចុះឈ្មោះបោះឆ្នោត ដែល គ.ជ.ប ត្រូវធ្វើជាប្រចាំឆ្នាំ។

ឆ្លើយតបនឹងសំណូមពរនេះ ឯកឧត្តមប្រធានដឹកនាំអង្គប្រជុំបានលើកឡើងថា ការងារនេះ គ.ជ.ប ធ្លាប់បានធ្វើរួចមកហើយ ដោយឯកឧត្តមប្រធាន គ.ជ.ប បានចុះអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ក្រុមយុវជននៅតាមភូមិភាគទាំង ៥ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ ជាមួយគ្នានេះ គ.ជ.ប ក៏មានគម្រោងសម្រាប់ឆ្នាំ ២០២០ ខាងមុខ

ដោយសហការជាមួយម្ចាស់ជំនួយ អាចនឹងធ្វើដូចខាងក្រោម៖

  • ផ្សព្វផ្សាយដោយផ្ទាល់នៅតាមសាលារៀន
  • ដាក់កម្មវិធីអប់រំនៅលើគេហទំព័រ
  • ស្នើទៅក្រសួងអប់រំដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សា

ចំពោះការងារអប់រំផ្សព្វផ្សាយនៅតាមរោងចក្រសហគ្រាសវិញ គ.ជ.ប នឹងយកទៅពិចារណា។ ប៉ុន្តែអ្វីដែល គ.ជ.ប បាននិងកំពុងធ្វើ ហើយក៏ធ្លាប់បានធ្វើរួចមកហើយ គឺផ្តល់បាឋកថានៅច្រើនកន្លែងតាមការស្នើសុំរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ចំណុចនេះ គ.ជ.ប នៅតែត្រៀមខ្លូន​រួចជាស្រេច​ដើម្បីបន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ហើយ គ.ជ.ប ក៏ស្នើសុំទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ថា ការងារអប់រំប្រជាពលរដ្ឋពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតនេះ គឺអាចធ្វើជារួមបាន មានន័យថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលសហការរៀបចំរួមគ្នា ដោយ គ.ជ.ប ជាអ្នកផ្តល់វាគ្មិន និងត្រៀមឯកសារអប់រំផ្សព្វផ្សាយ។

សូមជម្រាបជូនថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០១៩ គ.ជ.ប នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ហើយបញ្ជីបោះឆ្នោតផ្លូវការនេះ គ.ជ.ប នឹងបញ្ជូនទៅរក្សាទុកជាឯកសារនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងនៅតាមសាលាឃុំ សង្កាត់ ទាំង ១,៦៤៦ ទូទាំងប្រទេស។

ខ្លឹមសារផ្សព្វផ្សាយរបស់ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប មានផ្សព្វផ្សាយនៅលើគេហទំព័រ គ.ជ.ប www.necelect.org.kh/khmer/content/4014

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778