សេចក្ដីប្រកាស​ព័ត៌មាន​ លេខ​ ០៣៤​៖ គ.ជ.ប​ ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ អំពី​ការឃោសនា​បោះឆ្នោត​ និង​ធ្វើការ​បង្ហាញ​ពី​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​

នៅ​ថ្ងៃសុក្រ​ ទី១០​ ខែឧសភា​ ឆ្នាំ២០១៩​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប​) បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​ប្រធានបទ​ ២ សំខាន់​ “ទី១​ ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ អាណត្តិ​ទី៣​ ទី២​ ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការឃោសនា​បោះឆ្នោត​ និង​ការ​បង្ហាញ​ពី​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​” ក្រោម​អធិបតីភាព​ឯកឧត្តម​ ហ៊ីង​ ធី​ឫទិ្ធ​ សមាជិក​ គ.ជ.ប​ និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​ នៅ​សា​លសន្និ​សី​ទសារ​ព័ត៌មាន​ គ.ជ.ប ។

ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​រួមមាន​ ៖ តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ព្រឹទ្ធសភា​ រដ្ឋសភា​ក្រសួងមហាផ្ទៃ​ ក្រសួងព័ត៌មាន​ គណបក្ស​នយោ​បាយ​ ចំនួន​ ១០​ អង្គ​ការ​មិនមែន​រដ្ឋា​ភិបាល​ ចំនួន​ ១៤​  ​;អង្គ​ភាព​សារព័ត៌មាន​ ចំនួន​ ១០​ និង​មន្ត្រី​ គ.ជ.ប​ សរុប​ចំនួន​ ៧០នាក់

ឯកឧត្តម​ ហ៊ីង​ ធី​ឫទិ្ធ​ បាន​មានប្រសាសន៍​ថា​ ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ អាណត្តិ​ទី៣​ ឆ្នាំ​២០១៩​ នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី១៧​ ដល់​ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៩​ គឺ​មាន​រយៈពេល​ ៨ថ្ងៃ​តែប៉ុណ្ណោះ​ ខុសពី​អាណត្តិ​ទី១​ និង​អាណត្តិ​ទី២​ ដែល​មាន​រយៈពេល​ ១៥ថ្ងៃ​។ គណបក្ស​នយោបាយ​ ដែល​មានបំណង​ធ្វើការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ ត្រូវ​ជូនដំណឹង​ទៅ​គណៈកម្មការ​រាជធានី​ ខេត្ត​រៀបចំ​ការបោះឆ្នោត​ (គធ.ខប​) យ៉ាងហោចណាស់​ឱ្យ​បាន​ ៣ថ្ងៃ​ មុន​ថ្ងៃ​ហែ​ក្បួន​ឃោសនា​។

ចំ​ពោះ​ការ​ដាក់​ពាក្យ​បណ្តឹង​ និង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​ដែល​ជា​ប្រធានបទ​ទី២​ ឯកឧត្តម​បាន​បញ្ជា​ក់​ថា​ ជន​ណាក៏ដោយ​ ឬតំណាង​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្តឹង​ចំពោះ​ជន​ ឬគណបក្ស​នយោបាយ​ដែល​ប្រព្រឹត្ត​អំពើ​ផ្ទុយពី​ច្បាប់បោះឆ្នោត​។ ពាក្យ​បណ្តឹង​ត្រូវ​ដាក់​ទៅ​ គធ.ខប​ ក្នុងរយៈពេល​ ៣ថ្ងៃ​យ៉ាង​យូរ​ បន្ទាប់ពី​ថ្ងៃកើត​ហេតុ​ ឬប្តឹង​ទៅ​ គ.ជ.ប​ ក្នុងករណី​មិនសុខចិត្ត​នឹង​លិខិត​ជូនដំណឹង​ ឬសេចក្តី​សម្រេច​របស់​ គធ.ខប​ ក្នុងរយៈពេល​ ៣ថ្ងៃបន្ទាប់​ពី​ថ្ងៃ​បាន​ទទួលលិខិត​ជូនដំណឹង​បដិសេធ​ ឬសេចក្តី​សម្រេច​របស់​ គធ.ខប​។

ជាចុងក្រោយ​ ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ពី​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​ គឺ​មាន​តំណាង​គណបក្ស​នយោបាយ​ ចំនួន​ ៥រូប​ និង​តំណាង​អង្គការ​មិន​មែ​នរ​ដ្ឋា​ភិបាល​ ចំនួន​ ៥រូប​ បាន​ចូលរួម​ធ្វើការ​សាកល្បង​ជ្រលក់​ម្រាមដៃ​ចូលក្នុង​ដប​ទឹកខ្មៅ​។

ឆ្លើយតបទៅនឹង​សំណួរ​អ្នកសារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​ ឯកឧត្តម​ ឌឹម​ សុវណ្ណា​រុំ​ សមាជិក​ និង​ជា​អ្នកនាំពាក្យ​ គ.ជ.ប​ បាន​បញ្ជាក់​បន្ថែម​ថា​ នេះ​មិនមែន​ជា​លើក​ទី១ទេ​ ដែល​ គ.ជ.ប​ បញ្ជាទិញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​នេះ​ ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ គ.ជ.ប​ បាន​បញ្ជាទិញ​ពី​ប្រទេស​ឥណ្ឌា​ ចំនួន​ ៥៣០ដប​ ។ ជា​បទពិសោធន៍​ និង​ជា​លទ្ធផល​ក្រោយពេល​សាកល្បង​បង្ហាញ​ឱ្យ​ឃើញថា​ ទឹកខ្មៅ​នេះ​ពិតជា​មានគុណ​ភាពល្អ​ ដោយ​មិន​អាច​លាង​ជ្រះ​ ទោះបីជា​បាន​ប្រើ​ទឹក​លាង​សម្អាត​រហូត​ ៥ ប្រភេទ​ក៏ដោយ​ ។

ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ធានាអះអាង​ថា​ មានគុណ​ភាព​ខ្ពស់​ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ​ ដោយ​ផលិត​ពី​សូលុយស្យុង​ប្រាក់​នីត្រាត​ ដែល​មាន​កំហាប់​ប្រាក់​ ប្រមាណ​ ២៥​% ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ឯកឧត្តម​ ឌឹម​ សុវណ្ណា​រុំ​ ក៏បាន​ឱ្យ​ដឹង​ទៀត​ថា​ គិត​ត្រឹម​ថ្ងៃទី១០​ ខែឧសភា​ មាន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ ចំនួន​ ៧០៤នាក់​ និង​អ្នកសង្កេតការណ៍​ ចំនួន​ ៦១៩នាក់​ ដើម្បី​ចូលរួម​សង្កេតមើល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ និង​ជា​សាក្សី​នៃ​ការបោះឆ្នោត​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ ១៦ថ្ងៃ​ ទៀត​ គឺ​ថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០១៩​ ៕

 

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778