សេចក្តីប្រកាសព័ត៌មាន លេខ ០២២៖ ឆ្នាំ២០១៩ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣៧២,៦២៨ នាក់

យោង​តាម​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ឆ្នាំ២០១៩​ ​អ្នក​ដែល​មាន​អាយុ​ចាប់ពី​ ​១៨​ ​ឡើង​ទៅ​ ​មាន​ចំនួន​ ​១០,១៧៨,៨០៩​ ​នាក់​ ​ហើយ​ ​គ.ជ.ប​ ​មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ចំនួន​ ​៣៧២,៦២៨​ ​នាក់​ ​និង​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ ​៨៨,៦២៦​ ​នាក់​ ​។​ ​អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ​ឆ្នាំ២០១៨​ ​មាន​ចំនួន​ ​៨,៥៤៤,៨៨៥​ ​នាក់​ ​និង​ការិយាល័យ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​មាន​ចំនួន​ ​២៣,៣៦៤​ ​ការិយាល័យ​ ​www.necelect.org.kh​/​khmer​/​content​/​3837​ ​។​ ​នេះ​ជា​ការ​អះអាង​របស់​ឯកឧត្តម​ ​នុត​ ​សុខុម​ ​អនុប្រធាន​ ​គ.ជ.ប​ ​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ស្តី​ពី​ការប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន​ ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​និង​ការ​ផ្សព្វផ្សាយ​ស្ថិតិ​ប្រជាពលរដ្ឋ​ ​និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន​ ​នៅ​សាលសន្និសីទ​សារព័ត៌មាន​ ​គ.ជ.ប​ ​នា​ព្រឹក​ថ្ងៃទី២៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​។​
​ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ​រួមមាន​ ​៖​ ​តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​ព្រឹទ្ធសភា​ ​រដ្ឋសភា​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួងព័ត៌មាន​ ​ស្ថានទូត​ជប៉ុន​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ​៦​ ​គណបក្ស​នយោបាយ​ ​ចំនួន​ ​១៤​ ​អង្គភាព​សារព័ត៌មាន​ចំនួន​ ​៨​ ​និង​មន្ត្រី​នៃ​ទី​ស្តី​ការ​ ​គ.ជ.ប​ ​សរុប​អ្នកចូលរួម​មាន​ចំនួន​ ​៦០​ ​នាក់​។​
​ឯកឧត្តម​អនុប្រធាន​ ​បាន​បន្ថែម​ថា​ ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​នេះ​ ​ដូចគ្នានឹង​ឆ្នាំ​កន្លងទៅ​ដែរ​ ​គឺ​មាន​គោលដៅ​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ​ ​ភាព​ត្រឹមត្រូវ​ ​និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព​ ​តាមរយៈ​ ​៖​
​១​.​    ​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ចំពោះ​ ​៖​

  • ​​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ ​ហើយ​មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុន​មក​
  • ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​ ​១៨ឆ្នាំ​ ​(​កើតមុន​ ​ឬ​កើត​ត្រឹម​ថ្ងៃទី១​ ​ខែសីហា​ ​ឆ្នាំ២០០១​)​
  • ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន​ ​ឬ​ទីសំណាក់​ចូលក្នុង​ឃុំ​ ​សង្កាត់​ថ្មី​ ​ត្រូវ​ទៅចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​ ​សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត​ ​។​

​២​.​    ​ការ​កែតម្រូវ​ឈ្មោះ​ ​ឬ​ទិន្នន័យ​អ្នកបោះឆ្នោត​ ​តាម​សំណើ​របស់​សាមីខ្លួន​ដោយ​ផ្អែកលើ​ឯកសារ​សំអាង​ត្រឹមត្រូវ​ ​។​
​៣​.​ ​ការ​ស្រង់​ ​និង​លុបឈ្មោះ​អ្នកបោះឆ្នោត​

  • ​​ដែល​បាន​ទទួលមរណភាព​
  • ដែល​ត្រូវ​បាន​ដកហូត​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន​
  • ​ដែល​បាន​ផ្លាស់​លំនៅឋាន​ ​ឬ​ទីសំណាក់​ចេញទៅ​ឃុំ​ ​សង្កាត់​ផ្សេង​

​ដែល​មាន​ឯកសារ​ជា​សំអាង​ត្រឹមត្រូវ​ ​និង​ច្បាស់លាស់​ ​ដើម្បី​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​ ​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ ​និង​អន្តរជាតិ​ ​ចូលរួម​ដាក់​ភ្នាក់ងារ​ ​ឬ​អ្នកសង្កេតការណ៍​របស់​ខ្លួន​ ​ដើម្បី​តាមដាន​ ​និង​ពិនិត្យមើល​ដំណើរការ​នេះ​នៅ​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ ​ដើម្បី​ធានា​ការអនុវត្ត​ឱ្យ​បាន​រលូន​ ​និង​ជោគជ័យ​ ​និង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចូលរួម​សហការ​ ​និង​ថែរក្សា​ ​ការពារ​សន្តិសុខ​ ​និង​ធានា​បាន​នូវ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។​
​សូមជម្រាប​ជូន​ថា​ ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​ត្រូវ​ធ្វើឡើង​នៅ​តាម​សាលាឃុំ​ ​សង្កាត់​ ​និង​នៅ​តាម​ភូមិ​មួយចំនួន​នៅក្នុង​ឃុំ​ ​សង្កាត់​ ​ដែល​មាន​រយៈពេល​ ​២២ថ្ងៃ​ ​ដោយ​បែងចែក​ពេលវេលា​ដូច​ខាងក្រោម​ ​៖​

  • ​​រយៈពេល​ ​៦ថ្ងៃ​ ​ពី​ថ្ងៃទី១​ ​ដល់​ថ្ងៃទី៦​ ​ខែឧសភា​ ​ចុះឈ្មោះ​នៅ​តាម​សាលាឃុំ​ ​សង្កាត់​
  • ​រយៈពេល​ ​១១ថ្ងៃ​ ​ពី​ថ្ងៃទី៧​ ​ដល់​ថ្ងៃទី១៧​ ​ខែឧសភា​ ​ចុះឈ្មោះ​ចល័ត​តាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​ ​សង្កាត់​
  • រយៈពេល​ ​៥ថ្ងៃ​ ​ពី​ថ្ងៃទី១៨​ ​ដល់​ថ្ងៃទី២២​ ​ខែឧសភា​ ​ត្រឡប់​មក​ចុះឈ្មោះ​នៅ​តាម​សាលាឃុំ​ ​សង្កាត់​វិញ​ ​៕​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778