សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០០៨​៖​ ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​នឹង​ចាប់ផ្តើម​នៅ​ខែឧសភា​ ​ខាងមុខ​

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ឯកឧត្តម​ ​ទេព​ ​នី​ថា​ ​ក្នុង​ឱកាស​បិទ​វគ្គ​ ​ ​ ​បណ្តុះបណ្តាល​មន្ត្រី​លេខាធិការ​ដ្ឋាន​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​(​លធ.ខប​)​ ​គណបក្ស​នយោបាយ​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ស្តី​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​នៅ​រសៀល​ ​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​នេះ​ ​គ.ជ.ប​ ​មានការ​មមាញឹក​យ៉ាង​ខ្លាំង​ ​ដើម្បី​រៀបចំ​ការងារ​ចំនួន​ពីរ​នៅចំពោះមុខ​ ​គឺ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​។​

​ឯកឧត្តម​ ​បាន​ពន្យល់​ថា​ ​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​តម្រូវ​ឱ្យ​ ​គ.ជ.ប​ ​ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​នៅ​ខែឧសភា​ ​ជា​រៀងរាល់​ឆ្នាំ​។​ ​ដោយឡែក​ចំពោះ​ឆ្នាំ​ដែល​រៀបចំ​ការបោះឆ្នោត​ជាស​កល​ ​គ.ជ.ប​ ​អាច​សម្រេច​ពេលវេលា​ផ្សេង​ពីនេះ​។​ ​នៅ​ឆ្នាំ២០១៩​ ​នេះ​ ​ពុំ​មាន​រៀបចំ​ការបោះឆ្នោត​ជាស​កល​ទេ​ ​មានតែ​ការបោះឆ្នោត​អស​កល​ ​ទើប​នាំ​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​ធ្វើតាម​កាលកំណត់​របស់​ច្បាប់​។​

​ក្រៅពី​បាន​លើកឡើង​ពី​ទិដ្ឋភាព​ច្បាប់​ ​និង​បាន​បកស្រាយ​នូវ​សំណួរ​របស់​សិក្ខាកាម​ ​ឯកឧត្តម​ ​ទេព​ ​នី​ថា​ ​ក៏បាន​ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ទាំងអស់​ ​ឱ្យ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ ​ដើម្បី​បន្ត​បណ្តុះបណ្តាល​តាម​ស្ថាប័ន​របស់​ខ្លួន​ ​និង​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហការ​តាម​តួនាទី​ ​ជំរុញ​ឱ្យ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ២០១៩​ ​ទទួល​បាន​ជោគជ័យ​ ​។​ ​ឯកឧត្តម​បាន​ណែនាំ​មន្ត្រី​ ​លធ.ខប​ ​ឱ្យ​យកចិត្ត​ទុកដាក់​លើ​ការងារ​ដូច​ខាងក្រោម​ ​៖​

  • ​​បន្ត​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្នាក់​រាជធានី​ ​ខេត្ត​ ​ដោយ​ត្រូវ​យកចិត្ត​ទុកដាក់​បណ្តុះបណ្តាល​ឱ្យ​បាន​ស៊ីជម្រៅ​ ​អំពី​នីតិវិធី​នៃ​ការអនុវត្ត​ការងារ​ទាំង​ទ្រឹ​ស្តី​ ​ទាំង​បច្ចេកទេស​កុំព្យូទ័រ​ ​។​
  • តាមដាន​ ​និង​សម្របសម្រួល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ​ ​សង្កាត់​ ​ពិសេស​យកចិត្ត​ទុកដាក់​ការ​ដឹកជញ្ជូន​ ​ការ​បែង​ចែង​ ​និង​ថែរក្សា​ ​សម្ភារ​ ​ឯកសារ​ ​និង​បរិក្ខារ​បម្រើ​ឱ្យ​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​និង​ត្រូវ​ណែនាំ​គ្រូបង្ហាត់​ប្រចាំ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ឱ្យ​ចុះ​តាមដាន​ ​និង​សម្របសម្រួល​ការងារ​ឱ្យ​បាន​ជាប្រចាំ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ ​ទាក់ទង​នឹង​ការអនុវត្ត​នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត​ ​ការ​បញ្ចូល​ ​និង​ការ​បញ្ជូន​ទិន្នន័យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ​។​
  • បន្ត​កិច្ចសហការ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ​ដើម្បី​សម្របសម្រួល​ ​និង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការងារ​ចុះឈ្មោះ​បោះឆ្នោត​ ​ដែល​កើតមាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ​ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​ ​និង​ត្រូវ​រាយការណ៍​ជាប្រចាំ​ ​និង​ជាបន្ទាន់​អំពី​ករណី​ដែល​ត្រូវ​ស្នើសុំ​យោបល់​ណែនាំ​ ​ឬ​ស្នើសុំ​ការ​ដោះស្រាយ​ពី​ ​គ.ជ.ប​ ​។​ ​ទន្ទឹម​នេះ​ ​ត្រូវ​យកចិត្ត​ទុកដាក់​ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញាធរ​មានសមត្ថកិច្ច​ទទួលបន្ទុក​ការងារ​សន្តិសុខ​ ​ដើម្បី​ពង្រឹង​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​សណ្តាប់​ធ្នាប់​ ​ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​ ​។​

​សូមជម្រាប​ជូន​ថា​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​រយៈពេល​ ​៣​ ​ថ្ងៃ​ ​បាន​ផ្តើម​ចាប់ពី​ថ្ងៃទី២០​ ​ដល់​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​សាលសន្និសីទ​សារព័ត៌មាន​ ​គ.ជ.ប​ ​ដោយមាន​អ្នកចូលរួម​ជាម​ន្ត្រី​ ​លធ.ខប​ ​មន្ត្រី​នៅ​ទី​ស្តី​ការ​ ​គ.ជ.ប​ ​តំណាង​គណបក្ស​នយោបាយ​ ​ចំនួន​ ​៧​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ចំនួន​ ​១៦​ ​សរុប​ ​១០៣​ ​នាក់​ ​៕​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778