សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០១១​៖​ ​ការ​បិទផ្សាយ​បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ ​ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ​

ការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជាការងារដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវរៀបចំក្នុងដំណាក់កាលនេះ ដើម្បីត្រៀមសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណតិ្តទី៣ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប  ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ការបញ្ជាក់តាមឋានានុក្រម និងការបញ្ជូនមក គ.ជ.ប នៅសា​ល​​​​សន្និ​សីទ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាង​ក្រុម​​​ប្រឹក្សា​ធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន គណបក្ស​នយោ​​​បាយ ​ចំនួន ១០ តំណាងស្ថានទូតជប៉ុន អង្គ​ការមិនមែន​រដ្ឋា​ភិបាលចំនួន ១១  អង្គភាពសារព័ត៌មានចំនួន ៨ និងមន្ត្រី គ.ជ.ប សរុបចំនួន ៩០នាក់។

ឯកឧត្តម ហ៊ែល សារ៉ាត់  បន្ថែមថា ការបិទផ្សាយបញ្ជីទីតាំងការិយាល័យបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងនៅសាលាឃុំ សង្កាត់​ទូ​ទាំងប្រទេស និងមានផ្សព្វផ្សាយនៅគេហទំព័ររបស់ គ.ជ.ប ផងដែរ ។ ចំពោះការងារចុះឈ្មោះបោះឆ្នោតវិញ ឯកឧត្តមបានពន្យល់ថា ដោយសារការបោះឆ្នោតនេះ ជាការបោះឆ្នោតអសកល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងប៉ុណ្ណោះ ដែលជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដូចនេះ ការចុះឈ្មោះបោះឆ្នោត គឺត្រូវធ្វើនៅតាមសាលាឃុំ សង្កាត់ តាមរបៀបស្រង់ឈ្មោះ បញ្ចូលទៅក្នុងបញ្ជីបោះឆ្នោត និងបញ្ជូនតាមឋានានុក្រមមក គ.ជ.ប ។ កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត ត្រូវចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដែលក្នុងរយៈពេលនេះ​ ចែកជាពីរដំណាក់កាល ៖

  • ដំណាក់កាលទី១  គឺដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោតនៅតាម​សាលាឃុំ សង្កាត់ ដែលមានរយៈពេល ១៣ថ្ងៃ ដោយមិនរាប់បញ្ចូលថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកកំណត់ដោយរាជរដ្ឋាភិបាល ។
  • ដំណាក់កាលទី២ បញ្ជូនបញ្ជីឈ្មោះដែលបានរៀបចំរួចពីឃុំ សង្កាត់តាមឋានានុក្រម (ពីឃុំ សង្កាត់ មកក្រុង ស្រុក ខណ្ឌ និងមករាជធានី ខេត្ត រួចមក គ.ជ.ប) ដែលមានរយៈពេល ៧ថ្ងៃ ។

ឯកឧត្តមបានឱ្យដឹងទៀតថា បញ្ជីបោះឆ្នោតដែលត្រូវបានស្រង់បញ្ចូលឈ្មោះរបស់ក្រុមប្រឹក្សា​ឃុំ សង្កាត់​ក្នុងតំណែងរួចហើយ ត្រូវចុះហត្ថលេខាដោយមេឃុំ ចៅសង្កាត់ ហើយត្រូវ​បោះត្រារដ្ឋបាលឃុំ សង្កាត់ រួចបញ្ជូនទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបន្តទៅរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ អភិបាលនៃគណៈអភិ​បាល​​ក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តមានភារកិច្ចត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបញ្ជាក់ឯកភាពលើបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែងនៃឃុំ សង្កាត់​ទាំងអស់ដែលស្ថិតក្នុងក្រុង ស្រុក ខណ្ឌនៃរាជធានី ខេត្តពាក់ព័ន្ធ ក្នុងករណីបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់​នៅក្នុងមុខតំណែ​ង​នៃឃុំ សង្កាត់នីមួយៗមានលក្ខណៈត្រឹមត្រូវ​ពិតប្រាកដ ។

សូមជម្រាបជូនថា នៅក្នុងដំណាក់កាលចុះឈ្មោះបោះឆ្នោត គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួង​មហាផ្ទៃ មាន​សិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមពិនិត្យមើលដំណើរការ​នេះ ដោយត្រូវដាក់ពាក្យសុំទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចាប់​ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ។

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778