សេចក្ដីប្រកាសព័ត៌មាន លេខ​ ០០៥​៖ ឆ្នាំ២០១៩នេះ គ.ជ.ប ត្រូវអនុវត្តភារកិច្ចសំខាន់ៗចំនួន ៣ ព្រមគ្នា

ក្នុងឆ្នាំ២០១៩នេះ យោងតាមច្បាប់បោះឆ្នោត និងតាមការចាំបាច់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវអនុវត្តភារកិច្ចសំខាន់ៗចំនួន ៣ ព្រមគ្នា នេះបើតាមប្រសាសន៍ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការស្រង់ ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ឯកឧត្តមបានមានប្រសាសន៍ថា ការងារសំខាន់ៗទាំង ៣ នោះរួមមាន ៖

  • ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣
  • ការប្រឡងប្រជែងជ្រើសរើសសមាជិកលេខាធិការដ្ឋាននៃរាជធានី ខេត្ត។

ការងារទាំង ៣ ខាងលើនេះត្រូវបាន គ.ជ.ប ត្រៀមទាំងក្របខណ្ឌច្បាប់ និងផែនការដែល ត្រូវធ្វើព្រមគ្នាតាំងពីចុងឆ្នាំ២០១៨។ ការងារនេះចាប់ផ្តើមពីខែកុម្ភៈ ហើយត្រូវបញ្ចប់ជាបន្តបន្ទាប់ ទៅតាមប្រតិទិនកំណត់។

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះដែរ ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាមដូចតទៅ ៖

  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ជាការបោះឆ្នោតអសកល ហើយអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង សម្រាប់ការចុះ(ស្រង់) ឈ្មោះបោះឆ្នោត ពុំមានការលំបាកទេ តែត្រូវយកចិត្តទុកដាក់ក្នុងការផ្ទៀងផ្ទាត់ទិន្នន័យអ្នកបោះឆ្នោត ឱ្យបានត្រឹមត្រូវ រវាងបញ្ជីបោះឆ្នោត និងឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលត្រូវ ប្រើសម្រាប់បោះឆ្នោត និងសំខាន់ទៀតក្នុងករណីមានការផ្លាស់ប្តូរសមាជិក កបឃ.ស ព្រោះពេលវេលាមានកំណត់។
  • ត្រូវរៀបចំផែនការ ប្រតិទិនឱ្យបានត្រឹមត្រូវទាន់ពេលវេលា និងមានប្រសិទ្ធភាពសម្រាប់ ការបណ្តុះបណ្តាលបន្តក្នុងរាជធានី ខេត្ត។
  • ត្រូវកំណត់ភារកិច្ចច្បាស់លាស់រវាង គធ.ខប លគធ.ខប និង លធ.ខប
  • ត្រូវពង្រឹងកិច្ចសហការតាមតួនាទីជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធរមាន សមត្ថកិច្ចលើសេវាគាំទ្រ និងការងារសន្តិសុខ។

សូមបញ្ជាក់ថា សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើសរុបមានចំនួន ១៣២នាក់ ក្នុងនោះស្ត្រី ១៧នាក់ រួមមាន ៖

  • មន្ត្រីបោះឆ្នោតមកពី ២៥ រាជធានី ខេត្ត ចំនួន ៩៨នាក់ ស្ត្រី ១០នាក់។
  • តំណាងគណបក្សនយោបាយចំនួន ១៥នាក់ មកពីគណបក្សចំនួន ១២ គឺគណបក្ស ប្រជាជនកម្ពុជា ខ្មែររួបរួមជាតិ សញ្ជាតិកម្ពុជា សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ប្រជាធិបតេយ្យមូលដ្ឋាន សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យុវជនកម្ពុជា ធម្មាធិបតេយ្យ ឆន្ទៈខ្មែរ មាតុភូមិយើង ខ្មែរតែមួយ និងគណបក្សនគរប្រជាធិបតេយ្យ។
  • តំណាងក្រសួងមហាផ្ទៃចំនួន ៣នាក់។
  • តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦នាក់ ស្ត្រី ៧នាក់ មកពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦ គឺសមាគមស្ត្រីសម្រាប់អភិវឌ្ឍន៍ សិទ្ធិមនុស្ស ឧស្សាហកម្មកសិកម្ម អង្គការសេវាប្រជាធិបតេយ្យ អង្គការសុខភាព ផ្លូវចិត្តបែបបុរាណ និងសម័យ សមាគមអរុណរៈ សមាគមជ័យលាភីបញ្ញាជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា U.Y.F.C អង្គការសម្ព័ន្ធស្ត្រីខ្មែរការពារសិទ្ធិមនុស្ស ដើម្បីអភិវឌ្ឍន៍ អង្គការ NICFEC សមាគម កូ ភី អេ សមាគមអ្នកលក់ឱសថកម្ពុជា សមាគមសហគមន៍ទេសចរណ៍ សមាគមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ សមាគម សម្ព័ន្ធយុវជនមូល្លីមកម្ពុជា អង្គការសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម សមាគមនារី ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា៕

 

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778