សេចក្តី​ប្រកាស​ព័ត៌មាន​ ​លេខ​ ​០០៤​៖​ ​គ.ជ.ប​ ​ប្រកាស​ផ្សាយ​ពី​ដំណើរការ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី​ ​៣​ ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​(​គ.ជ.ប​)​ ​បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ប្រកាស​ផ្សាយ​ការ​ចាប់ផ្តើម​ដំណើរការ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុមប្រឹក្សា​ក្រុង​ ​ក្រុមប្រឹក្សា​ស្រុក​ ​ក្រុមប្រឹក្សា​ខណ្ឌ​ ​ហៅ​កាត់​ថា​ ​“​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​”​ ​អាណត្តិ​ទី៣​ ​នៅ​សាលសន្និសីទ​ ​គ.ជ.ប​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ ​នុត​ ​សុខុម​ ​អនុប្រធាន​ ​គ.ជ.ប​ ​នា​ព្រឹក​ថ្ងៃទី៣០​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​។​

​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​រួមមាន​ ​៖​ ​តំណាង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​ក្រសួងមហាផ្ទៃ​ ​តំណាង​គណបក្ស​នយោបាយ​ ​ចំនួន​ ​១៣​ ​តំណាង​ស្ថានទូត​ជប៉ុន​ ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ​១១​ ​និង​អង្គភាព​សារព័ត៌មាន​ចំនួន​ ​៨​ ​សរុប​ចំនួន​ ​៦០នាក់​។​

​ឯកឧត្តម​ ​នុត​ ​សុខុម​ ​បាន​មានប្រសាសន៍​ថា​ ​ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ទទួល​បាន​ជោគជ័យ​ ​គ.ជ.ប​ ​គណបក្ស​នយោបាយ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​នូវ​តួនាទី​ ​និង​ភារកិច្ច​រៀងខ្លួន​គ្រប់​ដំណាក់កាល​នៃ​ការបោះឆ្នោត​ ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​ខ្ពស់​ ​។​ ​ដំណាក់កាល​សំ​ខាន់​ៗ​នៃ​ការបោះឆ្នោត​មាន​ដូច​ខាងក្រោម​ ​៖​

  • ​ដំណាក់កាល​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ ​៖​ ​យោង​តាម​ប្រតិទិន​របស់​ ​គ.ជ.ប​ ​គឺ​ចាប់ផ្តើម​ពី​ថ្ងៃទី០៤​ ​ដល់​ថ្ងៃទី២៧​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​ ​អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ​ ​គឺជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​នៅក្នុង​មុខតំណែង​ ​ដែល​មាន​សមាជិក​សរុប​ចំនួន​ ​១១,៥៧២​ ​នាក់​ ​ទូទាំង​ប្រទេស​ ​។​ ​ការ​ចុះឈ្មោះ​ត្រូវ​អនុវត្ត​តាមរបៀប​ស្រង់​ ​ឈ្មោះ​នៅ​តាម​ឃុំ​ ​សង្កាត់​ ​និង​បញ្ជូន​តាម​ឋានានុក្រម​មក​ ​គ.ជ.ប​ ​។​
  • ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ​៖​ ​គឺ​មាន​រយៈពេល​តែ​ ​៥​ ​ថ្ងៃ​ ​ប៉ុណ្ណោះ​ ​ចាប់ផ្តើម​ពី​ថ្ងៃទី០៧​ ​ដល់​ថ្ងៃទី១១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​ ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ ​មាន​សិទ្ធិ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ​ ​។​
  • ​ដំណាក់កាល​ឃោសនា​បោះឆ្នោត​ ​៖​ ​គឺ​ចាប់ពី​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី២៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​មាន​រយៈពេល​ ​៨ថ្ងៃ​ ​គឺ​ត្រូវ​បាន​កាត់បន្ថយ​ ​ដែល​កាលពី​អាណត្តិ​ទី១​ ​និង​អាណត្តិ​ទី២​ ​ការឃោសនា​បោះឆ្នោត​មាន​រយៈពេល​ ​១៥ថ្ងៃ​ ​។​
  • ការបោះឆ្នោត​ ​ការរាប់​សន្លឹកឆ្នោត​ ​និង​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ ​។​
  • ការ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការបោះឆ្នោត​ ​។​

​ឯកឧត្តម​បាន​បង្ហាញ​ ​អំពី​តួលេខ​មួយចំនួន​ទាក់ទង​ទៅ​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី១​ ​ឆ្នាំ២០០៩​ ​អាណត្តិ​ទី២​ ​ឆ្នាំ២០១៤​ ​និង​អា​ណ​តិ្ត​ទី៣​ ​ឆ្នាំ២០១៩​ ​ដូច​ខាងក្រោម​ ​៖​

ការបោះឆ្នោត

កាលបរិច្ឆេទ បោះឆ្នោត

ចំនួនឃុំ សង្កាត់

ចំនួនក្រុង ស្រុក ខណ្ឌ

ចំនួនរាជធានី ខេត្ត

ចំនួនសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត

ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ

ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់

អាណត្តិទី១

១៧-០៥- ២០០៩

១,៦២១

១៩៣

២៤

៣៧៤ នាក់

២,៨៦១ នាក់

១១,៣៥៣ នាក់

អាណត្តិទី២

១៨ -០៥- ២០១៤

១,៦៣៣

១៩៧

២៥

៣៩៣ នាក់

២,៩៣១ នាក់

១១,៤៥៩ នាក់

អាណត្តិទី៣

២៦ -០៥- ២០១៩

១,៦៤៦

២០៣

២៥

៥៥៩ នាក់

៣,៥៥៥ នាក់

១១,៥៧២ នាក់

 

ឯកឧត្តម​ប្រធាន​ដឹកនាំ​អង្គប្រជុំ​ ​ក៏បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ ​សូម​ត្រៀមខ្លួន​ឱ្យ​បាន​រួចរាល់​ ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ​ ​។​ ​
​សូម​រំលឹក​ថា​ ​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​តាម​លេខ​ ​៧៧​ ​សសរ​ ​ចុះ​ថ្ងៃទី៣០​ ​ខែតុលា​ ​ឆ្នាំ២០១៨​ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ ​អាណត្តិ​ទី៣​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​៕​

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778