សេចក្ដីប្រកាសព័ត៌មាន លេខ ០០៦​៖ ថ្ងៃទីបួន​នៃ​យុទ្ធនាការឃោសនា​បោះឆ្នោត​របស់​គណបក្សនយោបាយ​

គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពប្រមូលផ្តុំគ្នា ប្រជុំឃោសនាផ្សព្វផ្សាយគោលនយោបាយនៅស្រុក ត្បូងឃ្មុំ ដោយមានអ្នកចូលរួមចំនួន ១៥០០ នាក់ រថយន្ត ៤៥ គ្រឿង និងម៉ូតូ ២០០ គ្រឿង  សម្រាប់ថ្ងៃអង្គារ ទី១៣  ខែកុម្ភៈ ឆ្នាំ២០១៨ ដែលត្រូវជាថ្ងៃទីបួននៃយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នេះបើតាមការបញ្ជាក់ពី លោក សុខ ឈិន ប្រធានគណៈ កម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ។

តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ព្រៃវែង ពោធិ៍សាត់ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ  និងខេត្តកំពង់ធំ សម្រាប់ថ្ងៃនេះពុំមានគណបក្សនយោបាយណាមួយហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែបានធ្វើសកម្មភាពដូចខាងក្រោម៖

  • គណបក្ស ខ្មែររួបរួមជាតិ បានចុះចែកខិតប័ណ្ណនៅតាមផ្ទះក្នុងសង្កាត់សំរោង ខេត្តឧត្តរមានជ័យ ។
  • គណបក្សប្រជាជនកម្ពុជា បានប្រជុំផ្សព្វផ្សាយ និងចាក់មេក្រូផ្សាយសារនយោបាយនៅតាមទីស្នាក់ការគណបក្ស ខេត្ត ក្រុង ស្រុក នៅភូមិភាគទី៥ ភូមិភាគទី៦ ភូមិភាគទី៧ និងភូមិភាគទី៨ ។
  • គណបក្សហ៊្វុនស៊ិនប៉ិច មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ ។

ជាទូទៅយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបួនថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានអំពើហិង្សា និងគ្មានបណ្តឹងណាមួយត្រូវបានដាក់នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតនោះទេ៕

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778