សេចក្តីថ្លែងការណ៍ គ.ជ.ប ជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ

ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមគូសបញ្ជាក់សារជាថ្មីម្តងទៀតថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ហើយត្រូវប្រកាន់ជំហរដូចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា ១៥០ថ្មី (ពីរ) “គ.ជ.ប ជាអង្គការដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង គ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងៗទៀតតាមការកំណត់នៃច្បាប់។ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយ ឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ក្នុងន័យនេះ គ្មាននរណាម្នាក់មានសិទ្ធិមករារាំងការងាររបស់ គ.ជ.ប បានទេ ជាពិសេស គ.ជ.ប កំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នេះ ។

គ.ជ.ប ក៏បានទទួលឯកសារផ្លូវការពីក្រសួងមហាផ្ទៃទាក់ទងនឹងការលុបឈ្មោះអតីតគណបក្សសង្គ្រោះជាតិចេញពីបញ្ជីគណបក្សនយោបាយ ហើយ គ.ជ.ប ក៏បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់រួចរាល់ហើយដែរ។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតសមាជិក គ.ជ.ប ចំនួន ៣រូប ដែលត្រូវប្រកាន់ជំហរអព្យាក្រឹត បានដាក់លិខិតលាលែងពីតំណែងស្របតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ហើយក្នុងស្ថានភាពបែបនេះ សមាជិក គ.ជ.ប ចំនួន ៦រូប គឺមានកូរ៉ុមគ្រប់គ្រាន់សម្រាប់អនុម័តរាល់សេចក្តីសម្រេចនានា ព្រមទាំងបន្តការងារជាប្រក្រតីរបស់ខ្លួន។

ប៉ុន្តែដោយច្បាប់តម្រូវថា គ.ជ.ប ត្រូវមានសមាជិកចំនួន ៩រូប គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាមានពេល ៥ថ្ងៃ ដើម្បីជ្រើសរើសសមាជិកថ្មីមកជំនួស យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងក៏ដូចជាមាត្រា ១៥១ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ ក្នុងករណីសមាជិកណាមួយនៃ គ.ជ.ប បាត់បង់សមាជិកភាពរបស់ខ្លួន។

នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ សមាជិកសភាចំនួន ១០៤រូប បានបោះឆ្នោតជាសម្ងាត់ជ្រើសរើស សមាជិក គ.ជ.ប ថ្មីចំនួន ៣រូប ដែលបានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ បច្ចុប្បន្ន គ.ជ.ប មានកូរ៉ុមគ្រប់ចំនួន ៩រូប ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។

ដូចនេះ សមាជិក គ.ជ.ប ទោះបីមានប្រភពមកពីខាងណាក៏ដោយ តួយ៉ាង គណបក្សនយោបាយ រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អ្នកឯករាជ្យ កងកម្លាំងប្រដាប់អាវុធ តុលាការ ឬមកពីរដ្ឋសភា ....។ល។ ពេលចូលកាន់តំណែងត្រូវតែឯករាជ្យ និងអព្យាក្រឹត ដោយអនុវត្តតួនាទីរបស់ខ្លួន ដោយមិនលំអៀងឈរលើគោលកាណ៍គោរពច្បាប់ និងមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោល ពីស្ថាប័នណាមួយឡើយ។

ដើម្បីអាចធានាបាននូវភាពត្រឹមត្រូវតាមគន្លងច្បាប់ និងភាពអាចឱ្យជឿទុកចិត្តបានចំពោះការបោះឆ្នោត គ.ជ.ប ត្រូវអនុវត្តគោលការណ៍ជាមូលដ្ឋានដែលជាត្រីវិស័យចំនួន ៧ គឺ ៖ ឯករាជ្យភាព អព្យាក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈភាព និងភាពជាអ្នកបម្រើសេវា ៕

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778