សេចក្ដីប្រកាស​ព័ត៌មាន លេខ​ ០៣​៖ សេចក្ដីណែនាំ​ អំពី​ការងារសន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី​៤ ឆ្នាំ​២០១៨

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឱ្យមានកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

សេចក្តីណែនាំលេខ ០០១ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ បានសង្កត់ធ្ងន់ជាអាទិ៍ថា  “ ដើម្បីធានាសន្តិសុខ សុវត្ថិភាព     សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសនយោបាយល្អ ស្ងប់ស្ងាត់ អព្យាក្រឹត និងយុត្តិធម៌ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ប្រធាន គធ.ខប ត្រូវធ្វើការយ៉ាងយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អ និងត្រូវមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងមួយសប្តាហ៍ម្តង ឬអាចច្រើនជាងនេះប្រសិនបើមានការចាំបាច់ “ ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ៖
- ប្រធាន គធ.ខប ជាសហប្រធាន
- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឬតំណាង ០១រូប ជាសហប្រធាន
- តំណាង ០១រូបៗ នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរាជធានី ខេត្ត នៃមណ្ឌលភូមិភាគនីមួយៗ ជាសមាជិក
- តំណាង ០១រូបៗ នៃអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្នុងរាជធានី ខេត្ត នៃមណ្ឌលភូមិភាគនីមួយៗ ជាសមាជិក
- ស្នងការនគរបាលរាជធានី ខេត្ត ឬតំណាង ០១រូប ជាសមាជិក

គ.ជ.ប បានក្រើនរំលឹកថា លោក លោកស្រី ដែលជាប្រធាន គធ.ខប ត្រូវយកចិត្តទុកដាក់អនុវត្តនូវសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕

ចែករំលែក(Share)
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778