សេច​ក្ដី​ប្រកាស​ព័ត៌មាន​ ៖ គ.ជ.ប បានរៀបចំបើកវគ្គបណ្តុះបណ្តាល​ដល់​ គធ.ខប តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពី​ការ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត នា​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៧

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ ( អគារ S ) ក្រោមអធិបតីភាពឯកឧត្តម  ទេព នីថា  អគ្គលេខាធិការនៃ គ.ជ.ប ។

ឯកឧត្តម ទេព នីថា  អគ្គលេខាធិការនៃ គ.ជ.ប មានប្រសាសន៍ថា នេះជាការបណ្តុះបណ្តាលនៅដំណាក់កាលចុងក្រោយ មានទ្រង់ទ្រាយធំ ៤ថ្នាក់ ចាប់ផ្តើមពីពេលនេះទៅនៅថ្នាក់ជាតិ គ.ជ.ប បន្តទៅថ្នាក់ គធ.ខប ថ្នាក់ប្រមូលផ្តុំក្រុងស្រុកខណ្ឌ និងថ្នាក់ប្រមូលផ្តុំឃុំ សង្កាត់ ដែលនឹងបញ្ចប់នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត។ នេះជាដំណាក់កាលដ៏សំខាន់បំផុត ដែលកំណត់ជោគជ័យ ឬមិនជោគជ័យនៃការរៀបចំការបោះឆ្នោត។ ឯកឧត្តមបន្តថា ការសម្រេចបានការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត គ្រាន់តែជាលទ្ធផលសម្រេចបានតាមដំណាក់កាល ប៉ុន្តែការសម្រេចបានជោគជ័យបន្តទៀតក្នុងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលនៃការបោះឆ្នោត គឺជាជោគជ័យពេញលេញនៃការរៀបចំការបោះឆ្នោត ។ ឯកឧត្តមបញ្ជាក់ថា ការងារសំខាន់ៗដែលត្រូវអនុវត្តបន្តរួមមាន ៖

  • ការពិនិត្យតាមដានយុទ្ធនាការឃោសនាបោះឆ្នោត
  • ការអប់រំអ្នកបោះឆ្នោត អប់រំសាធារណជនពីការបោះឆ្នោត
  • ការជ្រើសរើសសមាសភាព គកប/គរប
  • ការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោត
  • ការចាត់ចែង គ្រប់គ្រងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផល និងប្រកាសលទ្ធផលនៃការបោះឆ្នោត 
  • ពិសេសទៀត គឺការការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការឃោសនាបោះឆ្នោត ដំណើការ បោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

សូមរំលឹកថា វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួម ១៥០នាក់ និងរៀបចំឡើងរយៈពេល ០៣ថ្ងៃ គឺពីថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។

ប្រសាសន៍ដើមទាំងស្រុងរបស់ឯកឧត្តម ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប មានបង្ហោះនៅលើ  គេហទំព័ររបស់ គ.ជ.ប www.necelect.org.kh

ចែករំលែក(Share)
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣០នាទីព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ." data-share-imageurl="https://www.necelect.org.kh/khmer/sites/default/files/field/image/NEC-GS-PR-2017-05-01-093-cv_0.jpg">
មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778