សេច​ក្ដី​ប្រកាស​ព័ត៌មាន​ លេខ ០៨៤ គ.ជ.ប/អគ្គ/ប្រ.ក.ព ចុះថ្ងៃទី ១៨ ខែ​មេសា ឆ្នាំ២០១៧ ៖ គ.ជ.ប បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្ដីពី ការ​បិទ​ផ្សាយ​បញ្ជី​បេក្ខ​ជន​ផ្លូវ​ការ​នៅ​ គឃ.សប និង​ការ​ចែក​ប័ណ្ណ​ព័ត៌​មាន​អ្នក​បោះ​ឆ្នោត​នៅ​តាម​ភូមិ​ក្នុង​ឃុំ​ សង្កាត

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១០:០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម រ៉ុង ឈុន សមាជិក គ.ជ.ប នៅសាលសន្និសីទ គ.ជ.ប ។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ  អង្គការមិនមែនរដ្ឋាភិបាលចំនួន ១៣ តំណាងគណបក្សនយោបាយចំនួន ០៦ ជំនាញការអង្គការ JICA    ជំនាញការ EU និងអង្គភាពសារព័ត៌មានចំនួន ២១ សរុបចំនួន ៦០នាក់។

ឯកឧត្តម រ៉ុង ឈុន សមាជិក គ.ជ.ប មានប្រសាសន៍ថា លទ្ធផលផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ មានបេក្ខជនសរុបតាមរាជធានី ខេត្ត ចំនួន ៩៤,៥៩៥នាក់។ ឯកឧត្តមបន្តថា ការចុះបញ្ជីបេក្ខជននេះទទួលបានលទ្ធផលល្អប្រសើរ ដោយមានបណ្តឹងចំនួន ១០ បានមកដល់ គ.ជ.ប ប៉ុន្តែត្រូវបានដោះស្រាយរួចរាល់។  ចំពោះការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិវិញ ឯកឧត្តមបានពន្យល់ថា គ.ជ.ប តាមរយៈនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតបានផលិត បោះពុម្ព ដោយផ្ទេរទិន្នន័យពីបញ្ជីបោះឆ្នោតផ្លូវការមកជាប័ណ្ណព័ត៌មានអ្នកបោះឆ្នោត តាមចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ការចែកប័ណ្ណ      ព័ត៌មានគឺដើម្បីជួយសម្រួលដល់អ្នកបោះឆ្នោត និងមន្ត្រីការិយាល័យបោះឆ្នោត ក្នុងការស្វែងរកឈ្មោះ និងការិយាល័យបោះឆ្នោត។

ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតបាននឹងកំពុងចែកជូនប្រជាពលរដ្ឋនៅតាមភូមិក្នុងឃុំ សង្កាត់នានាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានប័ណ្ណព័ត៌មាននេះ អាចទៅយកនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី ១៧ ឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា ប័ណ្ណព័ត៌មានអុ្នកបោះឆ្នោតនេះ មិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីយកទៅបោះឆ្នោតបានទេ ប៉ុន្តែអាចប្រើប្រាស់សម្រាប់ជាក្រដាសព័ត៌មានឱ្យអ្នកបោះឆ្នោតដឹងអំពី លេខរៀង លេខកូដ ទីកន្លែងការិយាល័យបោះឆ្នោត។

 រីឯឯកសារប្រើសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតែប៉ុណ្ណោះ៕