សេច​ក្ដី​ប្រកាស​ព័ត៌មាន លេខ​ ០៧៩ គ.ជ.ប/អគ្គ/ប្រ.ក.ព ចុះថ្ងៃទី ០៦ ខែ​មេសា ឆ្នាំ២០១៧​ ៖ គ.ជ.ប បាន​ទទួល​ជួប​អ្នក​ជំនាញ​ការ​បោះ​ឆ្នោត​​របស់​ UNDP នា​ព្រឹក​​ថ្ងៃទី ០៦ ខែ​មេសា​ ឆ្នាំ២០១៧ នៅ​ទីស្ដី​ការ​ គ.ជ.ប

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០ព្រឹក នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានទទួលជួបលោកស្រីស្វេតឡាណា ហ្គាល់គីណា (Ms. Svetlana Galkina)អ្នកជំនាញការបោះឆ្នោតរបស់ UNDP និងសហការីចំនួន ៤រូប ដែលមកស្វែងយល់អំពីការធ្វើកំណែទម្រង់ការបោះឆ្នោត និងការវិវត្តន៍នៃដំណើរការបោះឆ្នោតនៅកម្ពុជា។

បន្ទាប់ពីបានស្តាប់ការពន្យល់របស់ឯកឧត្តមស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ភាគីUNDP ​​វាយតម្លៃខ្ពស់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតដែលទទួលបានជោគជ័យ។ លោកស្រី ស្វេតឡាណា ហ្គាល់គីណា  ចង់ដឹងថា តើក្នុងដំណើរការចុះឈ្មោះបោះឆ្នោតកន្លងមកមានជួបនូវបញ្ហាប្រឈមអ្វីខ្លះ?

ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តមស៊ិក ប៊ុនហុកបានមានប្រសាសន៍ថា គ.ជ.ប មានបញ្ហាមួយចំនួន​​រួម​​មាន ៖

  • បញ្ហាពេលវេលាការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ត្រូវធ្វើឡើងក្នុងអំឡុងខែមីនា ឆ្នាំ២០១៦ ប៉ុន្តែ​ដោយ​សារសម្ភារជាជំនួយរបស់សហភាពអឺរ៉ុបមានភាពយឺតយ៉ាវ ធ្វើឱ្យដំណើរការ​ចុះឈ្មោះ​បោះ​ឆ្នោតត្រូវចាប់ផ្តើមដំណើរការនៅដើមខែកញ្ញា ឆ្នាំ២០១៦ វិញ នាំឱ្យពេលវេលាកៀក​នឹងការ​បោះឆ្នោត
  • បញ្ហាអ៊ីនធឺណេត
  • បញ្ហាសម្ភារសម្រាប់ប្រតិបត្តិការមួយចំនួនមានភាពរអាក់រអួល។

ទោះជាយ៉ាងនេះក្តី ឯកឧត្តម ស៊ិក ប៊ុនហុក បញ្ជាក់ថា បញ្ហាប្រឈមទាំង​នោះត្រូវ​បាន​ក្រុម​មន្រ្តី​ជំនាញ​ខិតខំដោះស្រាយប្រកបដោយប្រសិទ្ធភាព​។ ឯកឧត្តមបន្តថា បញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ជាបញ្ជីមួយ ដែល​មានការទទួលស្គាល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអង្គការខុមហ្វ្រែល ដែលជាអង្គការមួយតែងតែធ្វើការរិះគន់មកលើការចុះឈ្មោះបោះឆ្នោតអាណត្តិមុន នៅពេលនេះបានទទួលស្គាល់ថា បញ្ជីឈ្មោះបោះឆ្នោត​ថ្មី​នេះ​មានកម្រិតជឿជាក់ជិត១០០ភាគរយ ។ ទាក់ទងនឹងកិច្ចសហការជាមួយភាគីអន្តរជាតិ គ.ជ.ប បានបើកចំហទទួលយកជំនាញការបោះឆ្នោត បរទេសមកធ្វើការនៅទីស្តីការ គ.ជ.ប ហើយជំនាញការទាំងនោះ អាចជួបពិភាក្សាការងារដោយផ្ទាល់ជាមួយ​នាយកដ្ឋានជំនាញ។ ចុងបញ្ចប់នៃកិច្ចប្រជុំភាគីUNDPបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់   គ.ជ.ប ហើយសន្យា​ថានឹងបន្តកិច្ចសហការជាមួយ គ.ជ.ប ដើម្បីឱ្យការបោះឆ្នោតកាន់តែមានភាពល្អប្រសើរ៕

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778